សុនកនិងឆ្មាអាចខាំឬខ្វាចអ្នកនៅពេលអ្នកកំពុងធ្វើដំណើរតាមផ្លូវ អ្នកទៅវាយវា ឬជាន់វា ឬពេលកំពុងប្រលែងលេងជាមួយពួកវា។ នៅពេលរឿងនេះកើតឡើង បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតមុនគេនោះគឺអ្នកអាចឆ្លងជំងឺឆ្កែឆ្កួតដែលជាជំងឺគ្រោះថ្នាក់។
តើជំងឺឆ្កែឆ្កួតគឺជាជំងឺអ្វី (Rabies)?
ជំងឺឆ្កែឆ្កួតជាជំងឺមួយក្នុងចំណោមជំងឺកាចសាហាវបំផុត ដែលបង្កឡើងដោយវីរុសវាយប្រហារលើប្រព័ន្ធប្រសាទកណ្តាល (CNS)។ សត្វនិងមនុស្សដែលឆ្លងវីរុសនេះភាគច្រើននឹងស្លាប់ 100% ហើយមកទល់បច្ចុប្បន្នពុំទាន់មានថ្នាំព្យាបាលឡើយ។ ជំងឺនេះឆ្លងពីសត្វមួយទៅសត្វមួយ ឬមកមនុស្សយើងជាចម្បងតាមរយៈទឹកមាត់ដោយការខាំ ហើយរយៈពេលសម្ងំរបស់មេរោគជាទូទៅ ១សប្តាហ៍ទៅ ១ខែ (អាចលឿនឬយឺតជាងនេះ) ចំពោះសត្វ និងចំពោះមនុស្ស ២ទៅ៣ខែ (អាចប្រែប្រួលពី១សប្តាហ៍ទៅ១មួយឆ្នាំ អាស្រ័យលើទីតាំងខាំនិងបរិមាណវីរុសដែលចូលខ្លួនអ្នក)។
សត្វដែលឆ្លងជំងឺឆ្កែឆ្កួតបង្ហាញរោគសញ្ញាដូចជា៖ ហៀរទឹកមាត់ឬបែកពពុះមាត់, សញ្ញាប្រសាទ, ប្តូរអាកប្បកិរយាទៅជាកាច ខ្លាច ឬតតាំង, ខ្លាចទឹក, ពិបាកលេប, ប្រកាច់, ពួនទីងងឹត, និងខ្វិនជាដើម។
តើយើងត្រូវធ្វើអ្វីខ្លះនៅពេលត្រូវឆ្កែឬឆ្មាខាំ?
ចំនុចទាំង ៧ ខាងក្រោមនេះជាជំហានដែលអ្នកត្រូវតែអនុវត្តជាបន្ទាន់នៅពេលត្រូវបានសត្វខាំភ្លាម៖
- លាងមុខរបួស ដោយប្រើសាប៊ូដុំលាងជាមួយទឹករ៉ូមីណេក្តៅឧណ្ណៗរយៈពេល ៥ទៅ១០នាទី។
- ទប់ឈាម ដោយប្រើក្រណាត់ស្អាត។ មិនត្រូវយកមាត់បឺតឈាមចេញពីមុខរបួសឡើយ។
- ប្រើក្រែមលាបដំបៅដែលមានសមាសធាតុអង់ទីប៊ីយ៉ូទិក (ប្រសិនបើមាន) ឬប្រើទឹកលាបដំបៅ Betadine។
- រុំរបួស ដោយប្រើបង់រុំរបួសស្អាតមិនមានមេរោគ។
- ប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពក្បែរផ្ទះ ដើម្បីឱ្យពេទ្យពិនិត្យរបួស និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឱ្យបានគ្រប់ចំនួនដូសជាបន្តបន្ទាប់ទៅតាមការណែនាំរបស់ពេទ្យ។
- តាមដានពិនិត្យមើលរបួសខ្លួនឯងក្រែងមានសញ្ញាឆ្លងមេរោគបាក់តេរី ដូចជាឡើងក្រហម, ហើម, ឈឺជាងមុន, និងគ្រុនក្តៅ។
- មិនត្រូវសម្លាប់សុនកនិងឆ្មានោះភ្លាមឡើយ ត្រូវតាមដានមើលសត្វនោះរយៈពេលយ៉ាងតិច១៤ថ្ងៃ ថាតើសត្វនោះមានបង្ហាញសញ្ញាកើតជំងឺឆ្កែឆ្កួតដូចរៀបរាប់ខាងលើឬទេ? ករណីសង្ស័យសត្វនោះមានជំងឺឆ្កែឆ្កួត ត្រូវស្វែងរកជំនួយពីពេទ្យសត្វឬអ្នកមានសមត្ថកិច្ចដើម្បីសម្លាប់និងកាត់ក្បាលសត្វនោះទៅមន្ទីរពិសោធន៍។
ជំងឺឆ្កែឆ្កួតជាទូទៅធ្វើឱ្យស្លាប់ 100% មិនអាចព្យាបាលបានឡើយ ដូច្នេះហើយនៅពេលត្រូវបានសត្វខាំភ្លាម អ្នកត្រូវលាងសម្អាតរបួស និងប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងការពារ មិនត្រូវរង់ចាំរហូតចេញរោគសញ្ញាឡើយ។ យើងត្រូវរួមគ្នាកម្ចាត់ជំងឺឆ្កែឆ្កួតដោយការនាំឆ្កែនិងឆ្មារបស់យើងទៅចាក់វ៉ាក់សាំងការពារជំងឺជំងឺឆ្កែឆ្កួតទាំងអស់គ្នាមុនវាចម្លងមកមនុស្ស។


