ចំនុចត្រូវធ្វើ៖
- ត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ពិសេសចំពោះសុនកដែលមិនស្គាល់គ្នាជាមួយអ្នក ឬសុនកអនាថា។
- ត្រូវសួរម្ចាស់សត្វជាមុន ថាតើអ្នកអាចប៉ះ ឬលេងសុនកនោះបានដែរឬទេ។ មុនពេលលេង ឱ្យសុនកបានឃើញនិងហិតអ្នកមុនសិន ដើម្បីសត្វបានស្គាល់និងទុកចិត្តអ្នក។
- ស្វែងយល់ពីអារម្មណ៍របស់សត្វនៅពេលសត្វស្ត្រេស មិនសប្បាយចិត្ត ភ័យឬខ្លាច។ ត្រូវយល់ពីភាសាកាយវិការរបស់សុនក ឧទាហរណ៍យល់ពីអត្ថន័យនៃការក្រហឹម, ញេញធ្មេញ, ទម្លាក់កន្ទុយចុះមកដីឬចូលប្រឡោះជើងក្រោយ, ឈរស្កុបនិងសម្លក់, រោមខ្នងបះឡើងជាដើម។
- ក្នុងករណីឆ្កែសំដៅចូលមកខាំ ត្រូវឈរស្ងៀម ឱបដៃទាំងពីរព័ន្ធរួបចូលដិតដល់ទ្រូង និងតាំងអារម្មណ៍ស្ងប់។ មិនត្រូវរត់, សម្លឹងមើលភ្នែកសុនកត្រង់, និងស្រែកឡើយ។ បន្ទាប់មកអ្នកអាចបោះជំហានថយក្រោយយឺតៗ។
- ប្រសិនមានរបស់របរនៅក្បែរខ្លួនដូចជាអំបោស ខ្នើយ កុំព្យូទ័រ ឬកៅអីជាដើម អ្នកអាចប្រើវាខណ្ឌផ្តាច់រវាងអ្នកនិងសុនក ឬឱ្យឆ្កែខាំរបស់នោះជំនួស។
- ប្រសិនអ្នកដួល ត្រូវក្រាបចុះ ឱបខ្លួនមូល បិទមុខចុះផ្ទប់នឹងដីឬដងខ្លួន និងយកដៃការពារក្បាលនិងកញ្ជឹងកក្រោយរបស់អ្នក។
ចំនុចមិនត្រូវធ្វើ៖
- មិនត្រូវទុកទារក ឬកូនក្មេងតូចៗនៅផ្ទះតែឯងជាមួយសុនកនោះទេ ជាពិសេសបើអ្នកដឹងថាសុនកនោះមានអត្តចរិតកាចស្រាប់។
- មិនត្រូវរំខាននៅពេលសត្វកំពុងស៊ីចំណី បំបៅកូន ឬដេកឡើយ ដូចជាការទាញកន្ទុយឬត្រចៀក, វាយដំ, បោះទម្លាក់, ជាន់, ឬដេញជាដើម។
- ជៀសវាងពញ្ញាក់ ធ្វើឱ្យសត្វភ្ញាក់ ខាំអ្នកដោយមិនដឹងខ្លួន។
- ប្រសិនឆ្កែកំពុងខាំទាញអ្នក មិនត្រូវទាញកន្ត្រាក់ត្រលប់វិញនោះទេ ព្រោះវាអាចធ្វើឱ្យសត្វរឹតតែខាំទាញខ្លាំងឡើង នាំឱ្យរបួសកាន់តែខ្លាំង។ ត្រូវបណ្តោយទៅតាមកម្លាំងទាញរបស់សត្វសិន។
- មិនគួរហុចចំណីឱ្យសត្វដោយម្រាមដៃឡើយ គួរដាក់ចំណីលើបាតដៃ និងខ្ជឹបម្រាមចូលគ្នា។
- មិនត្រូវប្រមូលផ្តុំឆ្កែច្រើននៅទីចង្អៀត ឬដេញឆ្កែឱ្យចូលមុំទាល់ច្រក។
- មិនត្រូវព្យាយាមចូលឃាត់បំបែកសត្វដែលកំពុងខាំគ្នាដោយដៃទទេឡើយ។ អ្នកអាចប្រើអំបោស ឬឈើដងវែង និងទុយយ៉ូបាញ់ទឹកដើម្បីបំបែក។


