តើជំងឺព្រូនបេះដូងគឺជាអ្វី?
ជំងឺព្រូនបេះដូងជាជំងឺបរាសិតធ្ងន់ធ្ងរកើតបានទាំងលើសុនក និងពិឡារដែលអាចសម្លាប់សត្វរបស់អ្នកបាន។ ជំងឺនេះមានសត្វមូសជាភ្នាក់ងារចម្លងជំងឺ និងរាតត្បាតនៅរដូវដែលមានសត្វមូសច្រើន។
វដ្តជីវិតរបស់ព្រូនបេះដូង
មូសជញ្ជក់ឈាមសុនកឈឺដែលមានវត្តមានកូនព្រូនតូចៗមិនអាចមើលនឹងភ្នែកឃើញបានហៅថា microfilaria រួចវិវឌ្ឍនិងលូតលាស់ធំបន្តិចនៅក្នុងខ្លួនមូសក្លាយជាដំណាក់កាល Larvae (L1, L2, L3) ដោយប្រើរយៈពេល 10-14 ថ្ងៃ។
នៅពេលវាមកបន្តបឺតឈាម សត្វមូសទាំងនោះចម្លងកូនព្រូនមកលើសុនករបស់យើង ដោយបញ្ចេញកូនព្រូនដំណាក់កាល L3 ចូលទៅក្នុងស្បែក និងជាលិកាសាច់ដុំ រួចលូតលាស់ជាបន្តជាដំណាក់កាល L4 ក្នុងរយៈពេល 45-65 ថ្ងៃ។ បន្ទាប់មកពួកវាចូលក្នុងប្រព័ន្ធចរន្តឈាមដើម្បីវិវឌ្ឍបន្តទៅជាព្រូនពេញវ័យ ប្រើរយៈពេល 4-5ខែ មុននឹងធ្វើដំណើរទៅកាន់បេះដូងនិងសួត។ នៅសរីរាង្គបេះដូងនេះហើយដែលព្រូនទាំងនោះបង្កជាបញ្ហាដល់សត្វដោយរស់នៅ បន្តពូជ និងបំផ្លាញសាច់ដុំបេះដូង។ ព្រូនទាំងនេះអាចរស់នៅបានយូរក្នុងបេះដូងសត្វសុនក 5-7ឆ្នាំ និង 2-3 ឆ្នាំក្នុងបេះដូងឆ្មា។
រោគសញ្ញា
សត្វដែលឆ្លងព្រូនបេះដូងអាចមិនបង្ហាញរោគសញ្ញា ឬបង្ហាញរោគសញ្ញាមួយចំនួនដូចជា៖ ក្អកមិនបាត់, មិនចង់ហាត់ប្រាន, ឆាប់អស់កម្លាំង, អន់ចំណី, និងស្រកទម្ងន់ជាដើម។
ការការពារ និងការព្យាបាល
ការព្យាបាលពិបាកនិងស្មុគស្មាញជាងបរាសិតផ្សេងៗទៀត ដោយត្រូវព្យាបាលទាំង microfilaricide និង adulticide, steriods, ថ្នាំប្រឆាំងមេរោគ, និងវិធានការផ្សេងៗទៀត។ ការព្យាបាលទាំងនេះត្រូវការចំណាយថវិកាច្រើនរាប់រយដុល្លាលើការវិនិច្ឆ័យជំងឺនិងព្យាបាល និងត្រូវការពេលវេលាព្យាបាលយូររយៈពេល ៣ខែ និងតាមដានរយៈពេល១ឆ្នាំ។
ជាសំណាងល្អ ជំងឺព្រូនបេះដូងអាចការពារបានដោយការប្រើថ្នាំក្រុម Macrocyclic Lactones ដែលមានការអនុញ្ញាតដោយ FDA។


