CamPaws Animal Clinic

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយដោយខ្លួនឯង

ការសម្អាតត្រចៀកសត្វចិញ្ចឹមជាផ្នែកមួយនៃសកម្មភាពតុបតែងសត្វដែលមានសារៈសំខាន់ពីព្រោះត្រចៀកមិនស្អាតអាចបង្ករជាបញ្ហាផ្សេងៗ ដូចជារលាក ឆ្លងមេរោគ រមាស់ ឬស្ទះរន្ធត្រចៀកជាដើម។ ដោយសាររន្ធត្រចៀករបស់សុនកមានទម្រង់ដូចអក្សរ L ធ្វើឱ្យសត្វងាយមានបញ្ហាត្រចៀក ព្រោះកាកសំណល់ផ្សេងៗងាយជាប់ស្ទះក្នុងរន្ធត្រចៀកមិនអាចចេញក្រៅដោយខ្លួនឯងបានបើមិនមានការជួយពីម្ចាស់។ 

ពូជសុនកដែលមានស្លឹកត្រចៀកវែង ស្លឹកត្រចៀកធំ ស្លឹកត្រចៀកបាក់ឃ្លុប ឬស្លឹកត្រចៀកមានរោមច្រើនគួរត្រូវបានសម្អាតត្រចៀកឱ្យបានញឹកញាប់ជាងសុនកត្រចៀកធម្មតា ព្រោះទម្រង់ត្រចៀកបែបនេះច្រើនស្អុះស្អាប់ មិនមានលំហូរខ្យល់ក្នុងត្រចៀកគ្រប់គ្រាន់ដែលងាយធ្វើឱ្យមានបណ្តុំកាកសំណល់ និងសំណើមខ្លាំងក្នុងត្រចៀក បណ្តាលឱ្យងាយកើតផ្សិត បាក់តេរី ឬចៃត្រចៀក។ ត្រូវប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដែលមានគុណភាពល្អ ទទួលស្គាល់ដោយបសុពេទ្យ។ ទឹកសម្អាតត្រចៀកដែលល្អមានរូបមន្តផ្សំដែលអាចជួយរំលាយអាចម៍ត្រចៀក មានសាមាសធាតុប្រឆាំងបាក់តេរី និងឬផ្សិត និងមិនត្រូវមានលាយសារធាតុអាល់កុលឡើយ។

របៀបលាងសម្អាតត្រចៀកសុនក ឆ្មា ឬទន្សាយនៅផ្ទះដោយខ្លួនឯង៖

  1. ឱ្យសត្វអង្គុយ រួចទាញត្រចៀកបញ្ឈរឡើងត្រង់ឱ្យឃើញប្រហោងត្រចៀក
  2. ច្របាច់ទឹកលាងសម្អាតត្រចៀកចូលក្នុងប្រហោងត្រចៀកមួយពេញរន្ធត្រចៀក។ ព្យាយាមកុំឱ្យចុងក្បាលដបប៉ះត្រចៀកសត្វផ្ទាល់ បើប៉ះត្រូវប្រើសំឡីអាល់កុលជូតក្បាលដបក្រោយប្រើរួច ចៀសវាងឆ្លងមេរោគទៅត្រចៀកផ្សេង។
  3. យកដៃម៉ាស្សាថ្នមៗត្រង់គល់ត្រចៀកប្រមាណ ៣០វិនាទី ដើម្បីរំលាយអាចម៍ត្រចៀក និងកាកសំណល់ផ្សេងៗ។ អ្នកនឹងឮសំលេងប្រិបៗឆ្អឹងខ្ចីត្រចៀកនៅពេលម៉ាស្សាគល់ត្រចៀក។
  4. បន្ទាប់មក យកដុំសំឡីជូតកាកសំណល់ដែលចេញពីត្រចៀកឱ្យស្អាត។ មិនត្រូវប្រើសំឡីត្បាល់ត្រចៀកមនុស្សមានដងឡើយ ព្រោះអាចប៉ះពាល់រន្ធត្រចៀក និងឬ ក្រដាសត្រចៀក ឬអាចរុញកាកសំណល់ឱ្យចូលក្នុងត្រចៀកកាន់តែជ្រៅ។
  5. ព្រលែងសត្វឱ្យរលាស់ត្រចៀកខ្លួនវាបន្ថែម។
  6. អនុវត្តដូចគ្នាលើត្រចៀកម្ខាងទៀត។

ទោះបីជាការលាងត្រចៀកមានសារៈសំខាន់ ប៉ុន្តែមិនមានន័យថាគ្រប់សត្វទាំងអស់ត្រូវតែលាងនោះទេ ឬត្រូវលាងឱ្យបានញឹកញាប់ពេកនោះទេ។ ពេលខ្លះ សត្វមួយចំនួនដែលមានសុខភាពល្អក៏មិនចាំត្រូវលាងដែរ។ ម្យ៉ាងទៀត ការលាងញឹកញាប់ខ្លាំងពេក ឬសម្អាតជ្រុលក៏អាចមានផលរំខានត្រចៀកសត្វទៅវិញ ដូចនេះគួរលាងនៅពេលអ្នកសង្កេតឃើញមានក្លិនស្អុយ ទឹករងៃហូរចេញ ឬមានកាកសំណល់ចេញផ្សេងៗ ឬទៅតាមភាពចាំបាច់ជាក់ស្តែងរបស់សត្វនីមួយៗ។ បសុពេទ្យរបស់អ្នកអាចជួយផ្តល់ដំបូន្មានដល់អ្នកបាន ដើម្បីអ្នកអាចអនុវត្តដោយខ្លួនឯងនៅផ្ទះឱ្យបានត្រឹមត្រូវ។ ប្រសិនបើសត្វរបស់អ្នកមានបញ្ហាត្រចៀករួចហើយ ដូចជារលាក ឡើងក្រហម ហើម រមាស់ ឬឈឺ គួរប្រឹក្សាយោបល់ជាមួយបសុពេទ្យមុនប្រើប្រាស់ផលិតផលទឹកលាងសម្អាតត្រចៀកដោយខ្លួនឯង។