តើការដាក់មីក្រូឈីបលើសត្វគឺជាអ្វី?
មីក្រូឈីប (Microchip) គឺជាឧបករណ៍អេឡិចត្រូនិកមានផ្ទុកទិន្នន័យអត្តលេខសម្រាប់សម្គាល់ខ្លួនសត្វនីមួយៗ។ វាមានទំហំនិងរូបរាងប្រហាក់ប្រហែលទៅនឹងគ្រាប់អង្ករដែលអាចប្រើឧបករណ៍ស្កេនរលកសញ្ញាបាន។ រាល់មីក្រូឈីបមានផ្ទុកអត្តលេខស្តង់ដារដែលទទួលស្គាល់ជុំវិញពិភពលោក និងមិនមានលេខស្ទួនគ្នាឡើយ។
ការដាក់មីក្រូឈីបគឺជាវិធីកំនត់អត្តសញ្ញាណសត្វជាអចិន្ត្រៃយ៍ ដែលនឹងនៅជាប់ខ្លួនពេញមួយជីវិតរបស់សត្វ។ និយាយជាសាមញ្ញ ការចាក់មីក្រូឈីបហាក់ប្រៀបបានដូចនឹងការធ្វើអត្តសញ្ញាណប័ណ្ណឱ្យសត្វរបស់អ្នកយ៉ាងដូច្នោះដែរ ដោយបសុពេទ្យជាអ្នកដាក់ និងឬ បន្ទាប់មកជាអ្នកចុះបញ្ជីអត្តលេខនោះក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញដែលគេអាចស្វែងរកព័ត៌មានម្ចាស់សត្វបាន។
តើគេដាក់មីក្រូឈីបលើសត្វយ៉ាងដូចម្តេច? តើវាឈឺដែរឬទេ?
សត្វចិញ្ចឹមជាច្រើនប្រភេទ ដូចជា សុនក ពិឡារ ទន្សាយ បក្សី ។ល។ អាចដាក់មីក្រូឈីបបាន។ បសុពេទ្យនឹងប្រើឧបករណ៍មានផ្ទុកគ្រាប់មីក្រូឈីបនៅក្នុងម្ជុលដើម្បីចាក់ចូលនិងបង្កប់នៅក្រោមស្បែកសត្វ។ វិធីសាស្ត្រគឺប្រហាក់ប្រហែលនឹងការចាក់វ៉ាក់សាំងដែរ គឺមានសុវត្ថិភាព លឿនរហ័ស និងមិនមានការឈឺចាប់ឡើយ។ ជាទូទៅ សត្វនឹងពុំដឹងខ្លួនថាត្រូវបានដាក់ឈីបចូល និងមិនរំខានដល់ការរស់នៅរបស់សត្វទៅថ្ងៃអនាគតឡើយ។ ក្រោយពីដាក់រួច មន្ទីរពេទ្យភាគច្រើននឹងចុះបញ្ជីអត្តលេខសត្វនោះទៅក្នុងប្រព័ន្ធទិន្នន័យអ៊នឡាញ។ ម្ចាស់សត្វត្រូវផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពទិន្នន័យនៅពេលមានការផ្លាស់ប្តូរលេខទំនាក់ទំនងឬម្ចាស់កម្មសិទ្ធសត្វ។
តើសត្វទាំងអស់ចាំបាច់ត្រូវដាក់មីក្រូឈីបដែរឬទេ?
ម្ចាស់សត្វទាំងអស់គួរយកសត្វរបស់ខ្លួនមកដាក់មីក្រូឈីបនៅមន្ទីរពេទ្យ ឬគ្លីនិកសត្វ ព្រោះវាផ្ដល់អត្ថប្រយោជន៍ដូចជា៖
- អ្នកអាចអះអាងភាពជាម្ចាស់កម្មសិទ្ធលើសត្វនោះ។
- ផ្ដល់ឱកាសឱ្យអ្នកកាន់តែច្រើនក្នុងការស្វែងរកសត្វរបស់អ្នកត្រលប់មកវិញក្នុងករណីសត្វបាត់ឬវង្វេង។ នៅពេលសត្វបាត់ អ្នកដែលបានឃើញសត្វអាចនាំសត្វនោះមកកាន់មន្ទីរពេទ្យ ឬប៉ូលីស ដើម្បីស្កេនរកមីក្រូឈីប និងពិនិត្យរកព័ត៌មានទំនាក់ទំនងម្ចាស់វិញ។
- អាចសុំឯកសារធ្វើដំណើរឆ្លងប្រទេសបាន។


