សុនកកាចជាបញ្ហាតែងជួបប្រទះនៅកម្ពុជាយើង និងជាដើមចមមួយនាំឱ្យមានការសម្លាប់សត្វ ឬកាត់ធ្មេញសត្វជារឿយៗ។ វិធីនេះមិនមែនជាដំណោះស្រាយសមស្រប តែមួយគត់ និងចុងក្រោយឡើយ ប៉ុន្តែ ការដោះស្រាយត្រូវផ្តោតលើការហ្វឹកហ្វឺន និងការព្យាបាលជាគោល។
ម្ចាស់សត្វត្រូវព្យាបាលបញ្ហាកាចរបស់សុនកឱ្យបានត្រឹមត្រូវចំដើមហេតុរបស់វា ដែលការព្យាបាលនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នានូវការគ្រប់គ្រងសត្វ, ការហ្វឹកហាត់បង្រៀន, និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រសត្វក្នុងករណីចាំបាច់។ វិធីសាស្រ្តទូទៅក្នុងការបំបាត់ភាពកាចរបស់សត្វមានដូចខាងក្រោម៖
1. ដំបូងត្រូវកំណត់មូលហេតុបណ្តាលឱ្យឆ្កែកាច ដើម្បីដោះស្រាយឱ្យចំបញ្ហា
បញ្ហាកាចរបស់សត្វអាចមកពី៖
- ការឈឺចាប់៖ សត្វរងរបួស មិនស្រួលខ្លួន ឬមានជំងឺ។
- ការភ័យខ្លាច៖ សត្វកាចនៅពេលមានការភ័យខ្លាច ឬបារម្ភអ្វីមួយ។
- ការការពាររបស់របរជាកម្មសិទ្ធខ្លួន៖ ការពារចំណី របស់លេង ឬទីធ្លា។
- ការការពារដែន៖ ការពារទីតាំង ឬម្ចាស់។
- វត្ថុបង្កហេតុ៖ សត្វប្តូរចំណាប់អារម្មណ៍កាចសំដៅលើនរណាម្នាក់ សត្វដទៃ ឬអ្វីមួយផ្សេងទៀត នៅពេលដែលឆ្កែស្ត្រេស មានការវាយដំ ឬមានការភ្ញាក់ ឬមានការញុះ។
- កង្វះការចូលសង្គមជាមួយសត្វដទៃ៖ ការចងសត្វតែក្នុងផ្ទះ ភាពឯកោ ការដាក់ច្រវ៉ាក់ ដោយមិនឱ្យលេងឬចូលសង្គមជាមួយសត្វដទៃអាចប៉ះពាល់អាកប្បកិរិយានិងចរិតសត្វ ជាពិសេសកំឡុងពេលវ័យក្មេងដែលត្រូវការការលេងសប្បាយ។
- ពូជ៖ សេនេទិកសុនកមួយចំនួនជាពូជកាចពីកំណើត។
តើអាកប្បកិរិយាកាចរបស់ឆ្កែអ្នកបណ្តាលមកពីហេតុណាមួយ? ឥឡូវសន្មត់ថាពេលនេះអ្នកបានរកឃើញមូលហេតុពិត បន្ទាប់មកអ្នកត្រូវគ្រប់គ្រងសត្វរបស់អ្នកកុំឱ្យខាំសត្វផ្សេងនិងឬអ្នកដទៃ។
2. ការគ្រប់គ្រងសត្វ មិនឱ្យមានឱកាសខាំសត្វឬអ្នកដទៃ
- ជៀសវាងវត្ថុបង្កហេតុ៖ រក្សាសត្វឱ្យនៅឆ្ងាយពីវត្ថុ ឬស្ថានភាពនានាដែលអ្នកដឹងថាអាចបង្កឱ្យសត្វអ្នកក្លាយជាកាចបាន។
- ប្រើរនាំង៖ ប្រើទ្រុង រនាំង ឬខ្សែក្រវាត់ទ្រូង ឬខ្សែដឹកដើម្បីអាចងាយគ្រប់គ្រងសត្វបាននៅពេលចេញក្រៅ ឬកំឡុងពេលហ្វឹកហាត់។
- ហ្វឹកហាត់ពាក់ឃ្លុំមាត់: បង្រៀនឆ្កែរបស់អ្នកឱ្យចេះពាក់ឃ្លុំមាត់ ដើម្បីធានាសុវត្ថិភាពអំឡុងពេលហ្វឹកហាត់ និងពេលចេញក្រៅ។ បង្រៀនបន្តិចម្តងៗ មិនត្រូវបង្ខំសត្វឡើយ ការបង្ខំអាចបង្កើនស្ត្រេសនិងសំពាធដល់សត្វ។
3. ការកែអាកប្បកិរិយាកាច ផ្តោតលើការហ្វឹកហាត់
- បង្វែរចំណាប់អារម្មណ៍ និងលើកទឹកចិត្តនៅពេលប្រព្រឹត្តល្អ៖ ផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ឆ្កែពីវត្ថុបង្កហេតុ មកជាការឱ្យរង្វាន់នៅពេលស្តាប់បង្គាប់ និងមិនរកខាំអ្នកដទៃ (ឧ. ការឱ្យនំឬចំណីឆ្ងាញ់ ឬរបស់លេងភ្លាមៗជារង្វាន់)។ ការធ្វើបែបនេះជួយឱ្យសត្វឈប់ចាប់អារម្មណ៍វត្ថុបង្កហេតុមកជារង្វាន់វិញ។
- រំងាប់អារម្មណ៍៖ បង្ហាញឆ្កែរបស់អ្នកនូវវត្ថុបង្កហេតុទាំងនោះពីចម្ងាយ ដោយរក្សាចម្ងាយដែលសត្វអ្នកអាចទ្រាំបានមិនមានប្រតិកម្មអ្វី និងចាប់ផ្ដើមឱ្យសត្វចូលជិតវាបន្តិចម្តងៗ សន្សឹមៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យសត្វសម្របខ្លួន ទុកចិត្ត និងមានអារម្មណ៍សុវត្ថិភាពទៅនឹងវត្ថុបង្កហេតុនោះ។
- បង្វឹកវិន័យ និងការស្តាប់បង្គាប់៖ បង្រៀនឆ្កែឱ្យចេះផ្តោតអារម្មណ៍លើអ្នក និងចេះស្តាប់ពាក្យបញ្ជាខ្លីៗ ងាយៗរបស់អ្នក ដូចជា បញ្ជា “ឈរ, អង្គុយ, ឈប់” ជាដើម។
- ជៀសវាងការដាក់ទណ្ឌកម្ម៖ ការវាយដុំ ស្រែក ស្តីខ្លាំងៗ ឬពាក់ប្រឡៅកឆក់ អាចបង្កើនភាពភ័យខ្លាច និងភាពកាចរបស់សត្វ។ ប្តូរមកជាការឱ្យរង្វាន់នៅពេលស្តាប់តាមបង្គាប់។
- លេងជាមួយសត្វអ្នកញឹកញាប់៖ ការលេងជាមួយសត្វដោយរបស់លេង ឬការលេងហ្គេមផ្សេងៗជាមួយសត្វអ្នកនៅផ្ទះអាចជួយបង្កើនភាពស្និតស្នាល ការហាត់កីឡា ពលកម្មរាងកាយ និងជំរុញសតិអារម្មណ៍និងភាពវ័យឆ្លាតរបស់សត្វ។
4. បញ្ជូនសត្វចូលសាលាហ្វឹកហ្វឺន
- ពិគ្រោះជាមួយគ្រូហ្វឹកហាត់ជំនាញលើការហ្វឹកហាត់ និងការកែអាកប្បកិរិយាសត្វកាច។
5. ការព្យាបាលដោយវេជ្ជសាស្ត្រសត្វ (បើចាំបាច់)
- ក្នុងករណីធ្ងន់ធ្ងរ បសុពេទ្យអាចចេញវេជ្ជបញ្ជាផ្តល់ថ្នាំដើម្បីព្យាបាលបញ្ហាដើមចមផ្សេងៗដែលបណ្តាលឱ្យសត្វកាច ដូចជា៖ បំបាត់ការឈឺចាប់ឬជំងឺ, ថ្នាំរំងាប់អារម្មណ៍ព្យាបាលជំងឺធុញថប់អារម្មណ៍, ជំងឺព្រួយបារម្ភ ឬភ័យខ្លាច, ឬជំងឺផ្លូវចិត្តរបស់សត្វ។ល។ ការផ្ដល់ឱសថព្យាបាលនេះអាចធ្វើឱ្យយុទ្ធសាស្ត្រហ្វឹកហាត់ និងការកែប្រែអាកប្បកិរិយាសុនកកាន់តែមានប្រសិទ្ធភាពឡើង។
- បសុពេទ្យអាចនឹងណែនាំឱ្យគ្រៀវសត្វរបស់អ្នកដើម្បីកាត់បន្ថយអាកប្បកិរិយាកាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនភេទ។
6. ការបន្តអនុវត្តឱ្យបានជាប់លាប់និងភាពអត់ធ្មត់
- អាកប្បកិរិយាកាចនឹងមានភាពប្រសើរឡើងបន្តិចម្តងៗ និងត្រូវការពេលវេលា។ សមាជិកក្នុងគ្រួសារទាំងអស់ត្រូវចូលរួមហ្វឹកហាត់សុនកជាមួយគ្នាដើម្បីធានាថាគ្រប់គ្នាអនុវត្តវិធីតែមួយ មិនធ្វើឱ្យសត្វច្របូកច្របល់។
- បញ្ហាសុនកកាចភាគច្រើននឹងត្រូវបានដោះស្រាយដោយអនុវត្តតាមវិធីសាស្ត្រណែនាំខាងលើនេះ។ ប្រសិនបើនៅមិនទទួលបានលទ្ធផលល្អ សម្រាប់សត្វមួយចំនួនដែលមានបញ្ហាកាចធ្ងន់ធ្ងរខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស ឬសត្វដទៃ សូមពិភាក្សាជាមួយបសុពេទ្យរបស់អ្នកដើម្បីរកដំណោះស្រាយចុងក្រោយ។
ចំណាំ៖ ការកាត់ធ្មេញសត្វមិនមែនជាដំណោះស្រាយបំបាត់ភាពកាចរបស់សត្វឡើយ ព្រោះវាមិនបានដោះស្រាយឬសគល់នៃបញ្ហា ដោយអាកប្បកិរិយាកាចនេះនៅដដែល។ ផ្ទុយមកវិញវាធ្វើឱ្យសត្វឈឺចាប់យូរអង្វែង ប៉ះពាល់សុខុមាលភាព ឬអាចធ្វើឱ្យសត្វកាន់តែកាចជាងមុន។ លើសពីនេះ ការកាត់ធ្មេញមិនបានត្រឹមត្រូវតាមបច្ចេកទេសអាចឱ្យមានការបង្ករោគ និងបញ្ហាមាត់ធ្មេញតាមមក។ ការកាត់ធ្មេញជាការអនុវត្តខុសក្រមសីលធម៌ មិនវិជ្ជាជីវៈ និងអមនុស្សធម៌។
សរុបមក ចំពោះបញ្ហានេះ អ្នកត្រូវការផ្តល់ក្តីស្រលាញ់ ចិញ្ចឹមថែទាំ និងមើលថែទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តពួកគេឱ្យបានគ្រប់គ្រាន់។ ចុងក្រោយ បញ្ហាសុនកកាចនឹងមិនកើតមាន, ត្រូវបានដោះស្រាយ, ឬកាត់បន្ថយតាមរយៈការហ្វឹកហ្វឺនទៀងទាត់ ការបង្រៀនសត្វឱ្យចេះស្តាប់បង្គាប់ ការកែប្រែអាកប្បកិរិយា និងការទទួលការប្រឹក្សានិងព្យាបាលដោយបសុពេទ្យ។

